បន្ទាប់ពីវគ្គទី ១ នៃរឿងឆ្មា & កណ្តុរ (Tom & Jerry) បានបញ្ចប់ទៅដោយឆ្មាឈប់ចាំដេញវ៉ៃកណ្តុរ ជាមួយនឹងកូនខ្ទះឆា ដែលឆ្មាតែងតែចាំនៅមាត់រន្ធ ឲ្យតែកណ្តុរហ៊ានចេញពីរន្ធមក ឆ្មាដឹងតែពីចាប់ដាក់ក្នុងទ្រុងសារិកាហើយ គឺឆ្មាបើកឲ្យកណ្តុរចេញពីរន្ធមកក្រៅ ដើម្បីប្រឡែងគ្នាលេងបន្លំមែនទៀត ព្រោះខ្វះដៃគូ បើឆ្មាលេងតែម្នាក់ឯងទៅ ញាតិញោមមើលទៅវាមិនសម ដូចជា រាងលើគោកពេក។
តែនៅពេលបើកឲ្យកណ្តុរចេញមកលេងម្តងនេះ ធ្វើឲ្យឆ្មាភ័យញ័រលស់ព្រលឹងឡើងបះរោមច្រូង ដែលមិននឹកស្មានដល់ថា ឡើងកូដដល់ថ្នាក់ហ្នឹង ឡើងចង់យ៉ាប់រៀងៗខ្លួន មិនដូចកាលពីលេងល្បែងមុនៗ ឆ្មាតែងតែមើលឃើញកណ្តុរម្តងៗ ស៊ីផុយនោះ ហើយជាទូទៅ ឆ្មា និងកណ្តុរ តែងតែគិតប្រើល្បិចយ៉ាងម៉េចយកតែឈ្នះរៀងខ្លួនដូចរាល់តែដង ម្លោះហើយគ្មានអ្វីក្រៅតែពីដាក់អន្ទាក់រៀងៗខ្លួន ព្រោះបើឆ្មាបើកភ្នែកឡើងដឹងតែពីវ៉ៃកណ្តុរនោះ គឺត្រូវបានគេមើលឃើញវាកាន់តែអាក្រក់មើលពេក ជាសត្វធំហើយគ្មានចេះអី គិតតែចាំតែវ៉ៃសត្វតូចៗជាង។
អ៊ីចឹងហើយបានជាឆ្មាបានខិតខំធ្វើយ៉ាងណា ឲ្យគេមើលទៅឃើញខ្លួនត្រឹមត្រូវ គួរសមនឹងគេដែរ តាមរយៈខ្ចីដៃសត្វដទៃៗទៀត យកមកប្រើ គឺឲ្យតែប្រើបានគឺប្រើហើយ ដើម្បីប្រយោជន៍ខ្លួនឯងយកឈ្នះកណ្តុរ នៅពេលឆ្មាជួបការលំបាកទាល់ច្រកម្តងម្កាល គឺធ្វើកាយវិការទន់ភ្លន់គួរឲ្យអាណិត ធ្វើយ៉ាងណា ឲ្យផុតពីទុក្ខភ័យមួយគ្រាបន្តិចសិនទៅ ហើយចប់ហើយ នៅពេលបានដោះស្រាយហើយ ចាំមើលឆ្មាចាប់ផ្តើមឡើងចាងលេងខ្លួនគិតតែពីរករឿងនេះ នោះដើម្បីរកលេសនេះនោះ ទម្លាក់កំហុសលើកណ្តុរ ហើយដេញវ៉ៃកណ្តុររត់ប្រផាប់ប្រភីង ស្រួលមិនស្រួលរត់ចូលរន្ធដូចលើកមុនៗទៀត។
ឯកណ្តុរវិញ ឲ្យតែឆ្មាដេញវ៉ៃ ដឹងតែពីដាក់មេផាយហើយ តែនៅពេលដែលដេញទៅជួបជាមួយសត្វណាដែលធំជាងឆ្មាដូចជាខ្លា ខ្លាឃ្មុំ ឬក៏មនុស្សក្តី ដែលអាចបង្ក្រាបឆ្មាបាន គឺកណ្តុរក៏ខ្ចីដៃគេប្រើដែរ ដើម្បីវ៉ៃឆ្មានោះវិញ ហើយតាំងឌឺដងដាក់ឆ្មាវិញម្តង។ តែជួនកាលក៏ឃើញឆ្មា និងកណ្តុរ ត្រូវរ៉ូវគ្នាបាយជាមួយគ្នា ហើយរាំលេងសប្បាយជាមួយគ្នាដែរ គឺឆ្មាជាអ្នកលេងភ្លេង ឯកណ្តុរជាអ្នករាំ តែក៏ជាពេលរកល្បិចពិសពុលដាក់អន្ទាក់ទៅវិញទៅមកផងដែរ។
ក្រឡេកមើលនយោបាយស្រុកខ្មែរបច្ចុប្បន្ននេះវិញ ក៏មិនខុសពីរឿងឆ្មាកណ្តុរដែរ ឥឡូវចូលដល់វគ្គទី ២ ហើយ។ បន្ទាប់ពីបោះឆ្នោតសកល និងប្រកាសលទ្ធផលរួចហើយ ដែលគណបក្សប្រជាជនទទួលបាន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិបាន៥៥ អាសនៈ គឺតែងតែជាប់គាំងស្តូកដូចរាល់ដងអ៊ីចឹង។ បើទោះបីជាបក្សប្រឆាំងម្ខាងដាក់អន្ទាក់តាមបែបធ្វើបាតុកម្មតវ៉ា អហិង្សាក៏ដោយ ឯបក្សកាន់អំណាចម្ខាងទៀត ក៏ដាក់អន្ទាក់បែបបន្លាលួស ទប់ដែរ ហើយមានការចរចារវាងបក្សឈ្នះឆ្នោតទាំង ២ បន្តបន្ទាប់កាលពីសប្តាហ៍មុន តែនៅមិនឃើញមានលទ្ធផលជាផ្លែផ្កានៅឡើយទេ។
តែខុសពីលើកមុនៗ ដែលព្រះមហាក្សត្រ តែងតែទៅពិនិត្យសុខភាព ឬក៏មានធុរៈនៅក្រៅប្រទេស ចំកាលៈទេសៈបែបនេះ តែលើកនេះ ព្រះករុណគង់នៅក្នុងប្រទេសដើម្បីសម្របសម្រួលដល់គណបក្ស នយោបាយដែលអះអាងថា ឈ្នះឆ្នោតទាំង២ដូចគ្នានោះ ហើយព្រះករុណាបានប្រកាសឲ្យគណបក្សទាំង ២ ឲ្យចូលរួមប្រជុំសភាអាណត្តិទី៥ លើកដំបូងនៅថ្ងៃនេះ។
តែបក្ស សង្គ្រោះជាតិបានធ្វើសន្និសីទកាសែត កាលពីចុងសប្តាហ៍មុនថា នឹងមិនចូលរួមសម័យប្រជុំសភាថ្ងៃដំបូងទី ២៣ ខែកញ្ញា ឆ្នាំ ២០១៣ នេះទេ ហើយបានចោទប្រកាន់បក្សប្រជាជនថា បានបង្ខំព្រះមហាក្សត្រ ហើយបានបន្តទៀតថា បើតាមមាត្រា ៨៦ នៃច្បាប់រដ្ឋធម្មនុញ្ញ គឺមានរយៈពេល ៦០ថ្ងៃ បន្ទាប់ពីពេលបោះឆ្នោតមានន័យថា បន្ទាប់ពីប្រកាសលទ្ធផលមិនមែន បន្ទាប់ពីថ្ងៃបោះឆ្នោតទេ ដូច្នេះ សល់ពេលចរចាជាង១ ខែទៀតដែរ ហើយបក្សសង្គ្រោះជាតិក៏បន្តការចរចា ដោយគិតពីលទ្ធផលឆ្នោតឈ្នះដូចគ្នា ដើម្បីប្រយោជន៍ជាតិជាធំ និងបានដាក់លិខិតស្នើសុំព្រះមហាក្សត្រពន្យារពេលប្រជុំសភាលើក ដំបូងនេះរហូតដល់ថ្ងៃទី ៧ វិច្ឆិកា។ តែបក្សប្រជាជនអះអាងថា មិនខ្វល់ទេ គឺដឹងតែពីដង្ហែតាមព្រះករុណា ចូលរួមប្រជុំសភាអាណត្តិទី៥នៅថ្ងៃដំបូងហើយ។
សម្រាប់បក្សសង្គ្រោះជាតិចំពោះការប្រជុំលើកដំបូងនេះ កំពុងគិតថា តើដើរលើផ្លូវណាដែលត្រឹមត្រូវសម្រាប់ខ្លួន បើម្ខាងព្រះមហាក្សត្រ និងម្ខាងទៀត គឺឆន្ទៈប្រជាពលរដ្ឋ ដែលចង់ប្តូរមិនឲ្យចូលរួមប្រជុំនោះទេ ព្រោះបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតមិនទាន់បានដោះស្រាយចប់ សព្វគ្រប់នៅឡើយផង។ តែបើបក្សប្រឆាំងមិនចូលរួមប្រជុំ តាមការអញ្ជើញរបស់ព្រះមហាក្សត្រ តើមានអ្វីកើតមានឡើង និងប្រែប្រួលយ៉ាងដូចម្តេចដែរនៅថ្ងៃនេះ?
ផ្អែកលើកំណត់ហេតុ ជាផ្លូវការនៃការបកស្រាយបំភ្លឺរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទៅតំណាងរាស្ត្រ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០០៣ ចំពោះស្ថានភាពខាងលើនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានបកស្រាយបំភ្លឺយ៉ាងច្បាស់ជាលាយ លក្ខណ៍អក្សរផងលើខ្លឹមសារវាក្យខណ្ឌទី១ មាត្រា ៧៦ និងមាត្រាទី ៩៥ នៃច្បាប់ធម្មនុញ្ញ៖ «វាក្យខណ្ឌទី១ មាត្រា ៧៦ នៃច្បាប់រដ្ឋធម្មនុញ្ញចែងថា៖«រដ្ឋសភាមានសមាជិកជាតំណាងរាស្ត្រ យ៉ាងតិច ១២០ រូប។ ត្រង់នេះ មានន័យថា យ៉ាងតិចណាស់ត្រូវមានសមាជិកជាតំណាងរាស្ត្រចំនួន១២០ រូប ទើបអាចបង្កើតរដ្ឋសភាក្នុងនីតិកាលនីមួយៗបាន។ ច្បាប់បោះឆ្នោត មិនអាចកំណត់ចំនួនតំណាងរាស្ត្រតិចជាង ១២០ រូបបានទេ។
វាក្យខណ្ឌទី ១ នេះ ជាលក្ខខណ្ឌចាំបាច់សម្រាប់ការបង្កើតរដ្ឋសភា ប៉ុន្តែមិនមែនសម្រាប់ដំណើរការរបស់រដ្ឋសភាទេ។ នៅពេលបោះឆ្នោតហើយ លទ្ធផលត្រូវឲ្យបានតំណាងរាស្ត្រចាប់ពី ១២០ រូប ឡើងទៅ ទៅតាមការកំណត់នៃច្បាប់បោះឆ្នោតទើបអាចបង្កើតរដ្ឋសភានីតិកាល ថ្មីមួយបាន ដោយគោរពទៅតាមនីតិវិធីដែល នយោបាយជាចំាបាច់ត្រូវ ស្នើជ្រើសតាំងសមាជិកថ្មីជំនួស ទើបស្របនឹងមាត្រា៩៥ នៃរដ្ឋធម្មនុញ្ញដែលបានចែងច្បាស់ថា(ត្រូវចាត់ការជ្រើសតាំងជំនួស)»។ អ៊ីចឹង បើតាមការបកស្រាយ របស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ គឺទាល់តែសមាជិកសភា ដែលជាប់ឆ្នោតយ៉ាងតិច១២០ រូប ក្នុងចំណោមសមាជិកសរុប ១២៣ រូប បានអាចបង្កើតរដ្ឋសភានីតិ កាលនីមួយៗបាន។ បើបក្សសង្គ្រោះជាតិមិនចូលរួមប្រជុំថ្ងៃដំបូងនេះទេ គឺរដ្ឋសភាចេះតែប្រជុំបានហើយតែមិនអាចបង្កើតរដ្ឋសភានីតិ កាលទី ៥ ឲ្យបានពេញលេញតាមផ្លូវច្បាប់បានទេ។ បើបង្កើតរដ្ឋសភាមិនបានផង រឿងអីទៅបង្កើតរដ្ឋាភិបាលស្រប ច្បាប់បាន។ ក្នុងករណីនេះ ថាតើបក្សប្រជាជន និងបក្សសង្គ្រោះជាតិ មានស្នៀតអ្វីទៀត ដើម្បីទម្លុះភាពទាល់ច្រកនេះបាន? បើបក្សនីមួយៗ សុទ្ធតែចងក្រឡាចាក់ស្រែះ ដូចគ្នាដោយផ្អែកទៅលើច្បាប់ផង និងដាក់អន្ទាក់គ្នាទៅវិញទៅមកដូចរឿងឆ្មា-កណ្តុរយ៉ាងនេះ?
ជា សរុបសេចក្ដីមក បើក្នុងន័យអភិវឌ្ឍន៍វិញ បើថ្នាក់ដឹកនាំនយោបាយស្រុកខ្មែរ នៅតែដើរតាមគន្លងរឿងឆ្មា និងកណ្តុរនេះវិញ គឺមិនមានការអភិវឌ្ឍបានល្អប្រសើរទេ ព្រោះឆ្មា-កណ្តុរគិតតែពីរឿងដាក់អន្ទាក់គ្នាជាជាងរួមគ្នា អភិវឌ្ឍ។ ចំាមើលនៅថ្ងៃនេះមើលថា តើមានអ្វីប្រែប្រួលយ៉ាងដូចម្តេច ហើយអ្វីៗគួរតែនៅ ឬមួយគួរតែទៅ?
No comments:
Post a Comment